ថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា ក្រោយដណ្តើមបានមេដាយ ៩គ្រឿង ពីការប្រកួតជើងឯកពិភពលោកនៅសហរដ្ឋអាមេរិក
ខេត្តកណ្តាល៖ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ហ៊ាម ជាវហេង អគ្គលេខាធិការរង តំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ត្រី ជា សុផានិត ប្រតិភូកីឡាម៉ូតូទឹកក្រសួងមហាផ្ទៃ បានអញ្ជើញទៅទទួលដំណើរមាតុភូមិនិវត្តន៍របស់កីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា និងជាអត្តពលិកក្រសួងមហាផ្ទៃ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយពីបញ្ចប់បេសកកម្មចូលរួមប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក (Jet Ski World Series 2026) ជុំទី២ នៅសហរដ្ឋអាមេរិក ប្រកបដោយសមិទ្ធផលគួរឱ្យមោទនភាព។

កីឡាករដែលបានធ្វើមាតុភូមិនិវត្តន៍ រួមមាន វីរៈកីឡាករ សាលី អ៊ូមើត កីឡាករ ម៉ីន មូស្តាន់ និងកីឡាករ ម៉ីន អូស្មាន់ ដែលបានខិតខំប្រឹងប្រែងបង្ហាញសមត្ថភាព និងទេពកោសល្យក្នុងការប្រកួតលើឆាកអន្តរជាតិ ដោយរួមចំណែកនាំមកនូវមេដាយមាស ប្រាក់ និងសំរឹទ្ធ ជូនជាតិមាតុភូមិ និងកិត្តិយសជូនក្រសួងមហាផ្ទៃ។

សូមជម្រាបជូនថា សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជា បានបញ្ជូនកីឡាករជម្រើសជាតិសរុបចំនួន ៩រូប ឱ្យចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោកជុំទី២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ ជាលទ្ធផល ក្រុមកីឡាករជម្រើសជាតិកម្ពុជាដណ្តើមបានមេដាយសរុបចំនួន ៩គ្រឿង រួមមាន មេដាយមាស ៤គ្រឿង មេដាយប្រាក់ ៣គ្រឿង និងមេដាយសំរឹទ្ធ ២គ្រឿង។
ក្នុងចំណោមមេដាយទាំង ៩គ្រឿងនេះ កីឡាករម៉ូតូទឹកក្រសួងមហាផ្ទៃទាំង ៣រូប បានដណ្តើមមេដាយសរុបចំនួន ៤គ្រឿង រួមមាន មេដាយមាស ១គ្រឿង មេដាយប្រាក់ ២គ្រឿង និងមេដាយសំរឹទ្ធ ១គ្រឿង ដូចខាងក្រោម៖
១. វីរៈកីឡាករ សាលី អ៊ូមើត ដណ្តើមបានមេដាយចំនួន ២គ្រឿង រួមមាន៖
- មេដាយមាស ១គ្រឿង លើវិញ្ញាសា Pro Am Runabout Endurance។
- មេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា Pro Sport GP។
២. កីឡាករ ម៉ីន មូស្តាន់ ដណ្តើមបានមេដាយប្រាក់ ១គ្រឿង លើវិញ្ញាសា Pro Am Ski 4 Stroke Lites។
៣. កីឡាករ ម៉ីន អូស្មាន់ ដណ្តើមបានមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសា Novice Ski Stock។
សមិទ្ធផលទាំងនេះបានបង្ហាញពីសមត្ថភាព ការតាំងចិត្ត និងការខិតខំប្រឹងប្រែងរបស់កីឡាករម៉ូតូទឹកកម្ពុជា ក្នុងការប្រកួតប្រជែងជាមួយអត្តពលិកអន្តរជាតិ។ ជាពិសេស កីឡាករមកពីក្រសួងមហាផ្ទៃបានបង្ហាញឱ្យឃើញពីសក្តានុពល និងសមត្ថភាពរបស់ខ្លួន តាមរយៈការដណ្តើមបានមេដាយលើវិញ្ញាសាផ្សេងៗ។

ការអញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់ថ្នាក់ដឹកនាំ និងប្រតិភូកីឡាក្រសួងមហាផ្ទៃ គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការគាំទ្រចំពោះកីឡាករ ដែលបានចំណាយកម្លាំងកាយចិត្តក្នុងការបំពេញបេសកកម្មតំណាងឱ្យប្រទេសកម្ពុជា។ សមិទ្ធផលដែលទទួលបានក៏ជាកម្លាំងចិត្តសម្រាប់កីឡាករក្នុងការបន្តពង្រឹងសមត្ថភាព បច្ចេកទេស និងបទពិសោធន៍ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនាពេលអនាគត។
សូមចូលរួមអបអរសាទរចំពោះកីឡាករម៉ូតូទឹកជម្រើសជាតិកម្ពុជា និងកីឡាករម៉ូតូទឹកក្រសួងមហាផ្ទៃ ដែលបាននាំមកនូវមោទនភាព និងកិត្តិយសជូនជាតិមាតុភូមិ!

អត្ថបទពាក់ព័ន្ធ
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររៀបចំ «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី៣ ឆ្នាំ២០២៦
ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រចាំការ...
អានបន្ថែម
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ «Wurkz Special Volleyball Cup U20 2026» មណ្ឌលផ្តាច់ព្រ័ត្ររាជធានីភ្នំពេញ
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ U20 ទូទាំងប្រទេស ឆ្នាំ២០២៦ «Wurkz Special Volleyball Cup U20 2026» មណ្ឌលផ្តាច់ព្រ័ត្ររាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍កីឡាដ៏សំខាន់ម...
អានបន្ថែម
ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសពិធីចម្រើនជន្មាយុ
រាជធានីភ្នំពេញ៖ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតគោរពជ...
អានបន្ថែម