ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ +855 16 757 168 info@sports.interior.gov.kh
ទំព័រដើម / អំពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

អំពីក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ប្រវត្តិ ចក្ខុវិស័យ បេសកកម្ម តម្លៃស្នូល ទំនួលខុសត្រូវ និងរចនាសម្ព័ន្ធអង្គភាព។

បុព្វកថា

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃត្រូវបានបង្កើតឡើង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍធនធានកីឡារបស់ក្រសួងមហាផ្ទៃ ដើម្បីពង្រឹង និងលើកកម្ពស់សមត្ថភាព គុណភាព ប្រសិទ្ធភាព តាមរយៈការចូលរួមព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិ និងពិភពលោក ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសាធារណជន ដក្សរតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន «កីឡារស់ក្នុងសន្តិភាព»។

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃមានគោលបំណង ឆន្ទៈពិសេស និងការតាំងចិត្តដ៏មុតមាំនាំមកនូវកិត្យានុភាព និងមោទនភាពជាតិ ឱ្យទទួលបានមូលធនកីឡាគ្រប់គ្រងដោយគុណភាពស្របតាមវឌ្ឍនភាពបច្ចេកវិទ្យាវិទ្យាសាស្ត្រក្នុងយុគសម័យឌីជីថល ធានបាននូវសុខុមាលភាពនិងសុវត្ថិភាពក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យកីឡានៅកម្ពុជា និងការពង្រឹងចំណងមិត្តភាពសហប្រតិបត្តិការជាតិ និងអន្តរជាតិ។

ដើម្បីចូលរួមអនុវត្តតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ស្របតាមផែនការយុទ្ធសាស្ត្រ និងទិសដៅរបស់ក្រសួងមហាផ្ទៃ ក្រោមការបញ្ជាឹកនាំ និងការយកចិត្តទុកដាក់ដោយផ្ទាល់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានទទួលចងទិស និងរៀបចំរសាងដាក់ចេញនូវផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ ២០២៦-២០៣០ របស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនេះ ដើម្បីសំដៅរសាងមូលដ្ឋានគ្រឹះសម្រេចនូវចក្ខុវិស័យ និងបេសកកម្មរបស់អង្គភាព។

I. សេចក្តីផ្តើម

១. ទិដ្ឋភាពទូទៅ នៃវិស័យកីឡាក្នុងព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតនូវយន្តការ និងរចនាសម្ព័ន្ធជាច្រើនក្នុងការគ្រប់គ្រងវិស័យកីឡាឱ្យមានការអភិវឌ្ឍ និងរីកចម្រើន ដូចជា ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ អន្តរជាតិ សមាគមកីឡា។ យន្តការ និងរចនាសម្ព័ន្ធថ្មីមួយរបស់ក្រសួងមហាផ្ទៃបានបង្កើតឡើង គឺ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ តាមអនុក្រឹត្យលេខ៥១ អនក្រ.បក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្តីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់ពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានចូលជាសមាជិកសហភាពកីឡានគរបាលអន្តរជាតិ IPSU (International Police Sports Union) កាលពីឆ្នាំ២០២៣។

២. គោលនយោបាយរបស់រាជរដ្ឋាភិបាល

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបាននិងកំពុងចូលរួមអនុវត្តការដាក់ចេញនូវកម្មវិធីនយោបាយ ផែនយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងសាវហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំតាមទិសដៅពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីរកចំណូលការងារសមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅរសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កំណត់យកអាទិភាពគន្លឹះ៥ (មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា) ផ្តោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្ស ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការបង្កើនភាពប្រកួតប្រជែង ការអភិវឌ្ឍវិស័យឯកជន និងការធានាការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព បរិស្ថាន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល។

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានប្តេជ្ញាខិតខំប្រឹងប្រែងអនុវត្តស្របតាមគោលបំណង យុទ្ធសាស្ត្របញ្ចកោណទី១៖ ការអភិវឌ្ឍមូលធនមនុស្ស៖ (១) ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (២) ការបណ្តុះបណ្តាលជំនាញបច្ចេកទេស (៣) ការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន (៤) ការពង្រឹងប្រព័ន្ធគាំពារសង្គម និងប្រព័ន្ធសន្តិសុខស្បៀង និង (៥) ការពង្រឹងភាពជាប្រជារាស្ត្រក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ប្រកបដោយសីលធម៌ សមធម៌ និងបរិស្ថាន។

៣. មូលដ្ឋានច្បាប់ និងគោលនយោបាយ

  1. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
  2. ព្រះរាជក្រមលេខ ន.ស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
  3. ព្រះរាជក្រមលេខ ន.ស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
  4. អនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
  5. អនុក្រឹត្យលេខ៥១ អនក្រ.បក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្តីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
  6. អនុក្រឹត្យលេខ ១៦៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលមាត្រា៤ នៃអនុក្រឹត្យលេខ៥១ អនក្រ.បក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្តីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
  7. អនុក្រឹត្យលេខ២៥៨ អនក្រ.បក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការទទួលប្រាក់រង្វាន់ចំពោះជ័យលាភីកីឡានគរបាលជាតិកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងមុខជំនាញការប្រកួតកីឡានគរបាលថ្នាក់ជាតិ និងអន្តរជាតិ និងប្រាក់ឧបត្ថម្ភសម្រាប់គ្រូបង្វឹក គ្រូបង្វឹកជំនួយ និងអ្នកដឹកនាំក្រុម
  8. សេចក្តីជូនដំណឹងលេខ ៦៣៦ សជណ.មយ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាល ស្តីពីសំណើសុំគោលការណ៍ដើម្បីចាត់តាំង និងគោរពសុំការចំណាយក្នុងការបញ្ជូនអត្តពលិកជានគរបាលជាតិទៅចូលរួមក្នុងគ្រប់ព្រឹត្តិការណ៍ប្រកួតកីឡានគរបាល និងពន្លត់អគ្គិភ័យពិភពលោក (World Police & Fire Games) ដែលប្រព្រឹត្តធ្វើឡើងរៀងរាល់២ឆ្នាំម្តង
  9. លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធននៗ

បន្ថែមលើការអនុវត្តច្បាប់ជាមូលដ្ឋាន និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃក៏អនុវត្តផងដែរតាមព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ សេចក្តីជូនដំណឹង និងលិខិតបទដ្ឋានគតិយុត្តននរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃទាំងឡាយ។

៤. រចនាសម្ព័ន្ធ តួនាទី ភារកិច្ច

រចនាសម្ព័ន្ធនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបានបង្កើតឡើងដោយមានការចូលរួមពីអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ដូចខាងក្រោម៖

  1. អគ្គស្នងការដ្ឋាននគរបាលជាតិ
  2. អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
  3. អគ្គនាយកដ្ឋានធនធានមនុស្ស
  4. បណ្ឌិត្យសភានគរបាលកម្ពុជា
  5. ក្រុមប្រឹក្សានីតិកម្ម
  6. អគ្គលេខាធិការដ្ឋាន
  7. អគ្គនាយកដ្ឋានរដ្ឋបាល
  8. អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
  9. អគ្គាធិការដ្ឋាន
  10. សាលាជាតិរដ្ឋបាលមូលដ្ឋាន
  11. អគ្គនាយកដ្ឋានពន្ធនាគារ
  12. អគ្គនាយកដ្ឋានអន្តោប្រវេសន៍
  13. អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
  14. អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
  15. អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
  16. រដ្ឋបាលរាជធានីខេត្ត
  17. នាយកដ្ឋាន អង្គភាព មន្ទីរចំណុះក្រសួងមហាផ្ទៃ
  18. ស្នងការដ្ឋាននគរបាលរាជធានីខេត្ត

អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ មានភារកិច្ចក្នុងការគ្រប់គ្រង ដឹកនាំ ជំរុញការអភិវឌ្ឍវិស័យកីឡា និងទិសដៅផែនការយុទ្ធសាស្ត្រ ធានបាននូវស្ថិរភាព និងការរីកចម្រើនខាងវិស័យកីឡាក្នុងកងម្លាំងនគរបាលជាតិទូទាំងប្រទេស។ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃមានអង្គភាពចំណុះចំនួន៥ (ប្រាំ) ដូចខាងក្រោម៖

  1. អង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ
  2. អង្គភាពកីឡានគរបាលជាតិកម្ពុជា
  3. អង្គភាពបច្ចេកទេសកីឡាជំនាញ
  4. អង្គភាពសហប្រតិបត្តិការកីឡាអន្តរជាតិ
  5. អង្គភាពសវនកម្មផ្ទៃក្នុង

II. ចក្ខុវិស័យ

«វិន័យ គុណភាព កិត្យានុភាព និងប្រសិទ្ធផល» នៃការអភិវឌ្ឍវិស័យកីឡាក្រសួងមហាផ្ទៃ គឺជាចក្ខុវិស័យដ៏ឧត្តុង្គឧត្តមរបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ យើងមានឧត្តមគតិឆន្ទៈប្រឹងប្រែង និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការរៀបចំជាផែនការយុទ្ធសាស្ត្រ វិធីសាស្ត្រ និងគោលនយោបាយរំពឹងឱ្យវិស័យកីឡាប្រកបដោយវឌ្ឍនភាព និងសម្រេចបានជោគជ័យស្របនឹងគោលនយោបាយរបស់កីឡាជាតិ នាំមករនូវមោទនភាពជាតិជូនប្រជាពលរដ្ឋកម្ពុជាទាំងមូល និងការទទួលស្គាល់ ការសរសើរពីរាជរដ្ឋាភិបាល និងអន្តរជាតិ។

III. បេសកកម្ម

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃមានបេសកកម្មក្នុងការគ្រប់គ្រង ដឹកនាំ ជំរុញការអភិវឌ្ឍវិស័យកីឡា និងទិសដៅផែនការយុទ្ធសាស្ត្រ ធានបាននូវស្ថិរភាព និងការរីកចម្រើនខាងវិស័យកីឡាក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃទៅទូទាំងប្រទេស ដែលធានការចូលរួមចំណែករីកចម្រើនសុខុមនីយកម្ម និងសម្រេចនូវសមិទ្ធផលជូនសង្គមជាតិ។

IV. គោលការណ៍

ដើម្បីសម្រេចបានចក្ខុវិស័យ និងបេសកកម្មខាងលើផែនការយុទ្ធសាស្ត្ររបស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃអនុវត្តមានប្រសិទ្ធភាពគ្រប់ជ្រុងជ្រោយដោយត្រូវប្រកាន់ខ្ជាប់នូវ៖ ឆន្ទៈ ទេពកោសល្យ វិន័យ គុណភាព យុត្តិធម៌ ក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ កិច្ចសហប្រតិបត្តិការ ប្រសិទ្ធភាព និងផលប្រយោជន៍ស្របច្បាប់ជូនគ្រូបង្វឹក កីឡាករ កីឡាការិនី។

១. គោលបំណង

  • ចូលរួមចំណែកអនុវត្តគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កំណត់យកអាទិភាពគន្លឹះ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា»
  • រៀបចំព្រឹត្តិការណ៍កីឡាគ្រប់ប្រភេទ-គ្រប់កម្រិតទាំងជាតិនិងអន្តរជាតិក្នុងវិស័យមហាផ្ទៃ ក្នុងការលើកកម្ពស់សមត្ថភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និងប្រសិទ្ធផល
  • ចូលរួមគាំពារសុខភាព សុខុមាលភាពរបស់មន្ត្រីក្រសួងមហាផ្ទៃនិងប្រជាជនតាមរយៈការលេងកីឡា និងជៀសឆ្ងាយពីគ្រឿងញៀន

២. ការបង្កើតគោលការណ៍

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃមានគោលការណ៍ច្បាស់លាស់ក្នុងការគ្រប់គ្រងវិស័យកីឡាក្រសួងមហាផ្ទៃដោយផ្អែកលើមូលដ្ឋានច្បាប់ននឈរលើចក្ខុវិស័យ និងបេសកកម្មក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីវិវឌ្ឍនភាព និងនិរន្តរភាពដោយអនុវត្តស្របតាមគោលនយោបាយសង្គម សេដ្ឋកិច្ច បរិស្ថាន និងធនធាន។

៣. ការប្រកាន់ខ្ជាប់គោលការណ៍

ដោយផ្អែកលើចក្ខុវិស័យ និងបេសកកម្មដវងឆ្ងាយ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ សុក្រឹតភាព និងតម្លាភាព ដើម្បីសម្រេចផលផ្លែជាវិជ្ជមានប្រកបដោយប្រសិទ្ធភាពខ្ពស់។

៤. ការតាមដាន ត្រួតពិនិត្យ និងវិភាគគោលការណ៍

គ្រប់ចំណុច គ្រប់ដំណាក់ នៃគោលដៅយុទ្ធសាស្ត្រនិងវិធានការននដែលបានដាក់ចេញសម្រាប់ការអនុវត្ត ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃនឹងរៀបចំក្រុមការងារមួយស្របនឹងគោលការណ៍នេះ ដើម្បីតាមដាន ត្រួតពិនិត្យ និងវិភាគគោលការណ៍។ ផ្អែកលើផែនការយុទ្ធសាស្ត្រនិងភាពចាំបាច់ក្នុងការអនុវត្តគោលការណ៍ប្រកបដោយប្រសិទ្ធភាព អង្គភាពទទួលខុសត្រូវត្រូវប្រមូលទិន្នន័យចងក្រងសំដៅឯកសារដើម្បីពិនិត្យ វាយតម្លៃទិសដៅការងារអនុវត្តរួចសន្និដ្ឋានជូនថ្នាក់ដឹកនាំចាត់វិធានការ។

  • ការតាមដានគោលការណ៍៖ សង្កេតជាប្រចាំពីសូចនាករ សមិទ្ធកម្ម ផលផ្លែ ពំរឹងទុក និងទិសដៅ
  • ការត្រួតពិនិត្យគោលការណ៍៖ ពិនិត្យទៅលើសកម្មភាពការងារដើម្បីស្វែងរកបញ្ជាក់ប្រឈម និងដំណោះស្រាយចំណុចខ្វះខាត និងសំណូមពរ
  • ការវិភាគគោលការណ៍៖ ប្រៀបធៀប និងវាយតម្លៃផលផ្លែ សូចនាករ និងផលផ្លែពំរឹងទុក រួមសរុប និងសន្និដ្ឋានផលវិភាគគោលការណ៍ជូនថ្នាក់ដឹកនាំ

V. គោលដៅ

ដើម្បីឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃជំរុញ និងលើកកម្ពស់វិស័យកីឡាក្នុងក្របខ័ណ្ឌក្រសួង សំដៅចូលរួមចំណែកធ្វើឱ្យមន្ត្រីមានសុខភាពល្អ កិច្ចសហប្រតិបត្តិការល្អ សាមគ្គីភាព និងប្រសិទ្ធផលគួរជាទីមោទនៈជូនរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ។ ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រជាចម្បងចំនួន៥ ដូចខាងក្រោម៖

  1. អភិបាលកិច្ចល្អ
  2. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា
  3. ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកីឡាជាតិ និងអន្តរជាតិ
  4. វឌ្ឍនភាពវិស័យកីឡាក្រសួងមហាផ្ទៃ
  5. ការពង្រឹងគុណភាព និងប្រសិទ្ធភាពវិស័យកីឡា

យុទ្ធសាស្ត្រទី១៖ អភិបាលកិច្ចល្អ

គោលដៅ — ការពង្រឹងឱ្យកាន់តែប្រសើរឡើងការងារគ្រប់គ្រងដឹកនាំ បញ្ជា ត្រួតពិនិត្យ វិភាគ និងវាយតម្លៃ របស់ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃសម្រេចបានលទ្ធផលល្អប្រសើរ និងមានប្រសិទ្ធភាពស្របតាម «ផែនការយុទ្ធសាស្ត្រស្តីពីការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល ដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨» របស់ក្រសួងមហាផ្ទៃ និងស្របតាមស្តម្ភនៃយុទ្ធសាស្ត្រ៖ ការកែទម្រង់ និងពង្រឹងអភិបាលកិច្ច។

ទិសដៅសកម្មភាព រួមមាន៖ (១) តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ — កំណត់តួនាទីភារកិច្ច រៀបចំយន្តការគ្រប់គ្រងរដ្ឋបាល និងពង្រឹងរចនាសម្ព័ន្ធ (២) ការអភិវឌ្ឍសមត្ថភាព និងនវានុវត្តន៍ — បណ្តុះបណ្តាលមន្ត្រី ប្រជុំសិក្ខាសាលា និងលើកទឹកចិត្តការសិក្សាស្រាវជ្រាវបន្ថែម (៣) ការត្រួតពិនិត្យ វាយតម្លៃ និងសន្និដ្ឋាន — រៀបចំយន្តការត្រួតពិនិត្យផែនការសកម្មភាព វាយតម្លៃលទ្ធផលការងារ និងរៀបចំរបាយការណ៍សរុបជូនក្រសួងនិងរាជរដ្ឋាភិបាល។

យុទ្ធសាស្ត្រទី២៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា

គោលដៅ — អភិវឌ្ឍមូលដ្ឋានកីឡា «ពហុព្រីដ្ឋានក្រសួងមហាផ្ទៃ» ដែលគ្រប់ភេទ-គ្រប់ដ្រារកីឡាអាចចូលរួមបាន ព្រមទាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមរណាដាស្នងការដ្ឋានរាជធានីខេត្ត ដើម្បីទទួលបានប្រសិទ្ធផល និងប្រសិទ្ធភាពបន្ថែមទៀតតាមទិសដៅគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងក្រសួង។

ទិសដៅសកម្មភាព រួមមាន៖ (១) ថ្នាក់ក្រសួង — រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងមជ្ឈមណ្ឌលកីឡា រៀបចំគម្រោងអភិវឌ្ឍតាមស្តង់ដារបច្ចេកទេសអន្តរជាតិ ស្វែងរកជំនួយឧបត្ថម្ភធនធានថវិកា (២) ថ្នាក់រាជធានីខេត្ត — រៀបចំរចនាសម្ព័ន្ធគ្រប់គ្រងកីឡាតាមរណាដារដ្ឋបាលរាជធានីខេត្ត ស្នងការរាជធានីខេត្តភូមិភាគ និងពន្ធនាគារ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ (៣) កិច្ចដំណើរការ — រៀបចំគ្រប់គ្រងកិច្ចដំណើរការមជ្ឈមណ្ឌលកីឡា និងសហការជាមួយក្រសួងអប់រំយុវជននិងកីឡា និងសហព័ន្ធកីឡាជាតិ។

យុទ្ធសាស្ត្រទី៣៖ ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកីឡាជាតិ និងអន្តរជាតិ

គោលដៅ — ជំរុញ និងលើកកម្ពស់បេសកកម្មឱ្យមានភាពរលូន និងមានប្រសិទ្ធភាពខ្ពស់ ដោយយកចិត្តទុកដាក់ចំពោះការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកីឡាជាតិ និងអន្តរជាតិឱ្យទទួលការទទួលស្គាល់ ការគាំទ្រ និងការកោតសរសើរពីស្ថាប័ន អង្គភាពជាតិ អន្តរជាតិ និងសាធារណជន។

ទិសដៅសកម្មភាព រួមមាន៖ (១) កិច្ចសហប្រតិបត្តិការជាតិ — សហការជាមួយក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សហព័ន្ធកីឡាជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមកីឡាក្រសួងមហាផ្ទៃក្នុងការចូលរួមព្រឹត្តិការណ៍កីឡានានា (២) កិច្ចសហប្រតិបត្តិការអន្តរជាតិ — ពង្រឹងទំនាក់ទំនងជាមួយសហភាពកីឡានគរបាលអន្តរជាតិ (USIP) ចូលរួមព្រឹត្តិការណ៍កីឡានគរបាល និងពន្លត់អគ្គិភ័យពិភពលោក (World Police and Fire Games) និងស្វែងរកជំនួយ ធនធាន បច្ចេកទេស និងវិនិយោគពីស្ថាប័នកីឡាអន្តរជាតិ។

យុទ្ធសាស្ត្រទី៤៖ វឌ្ឍនភាពវិស័យកីឡាក្រសួងមហាផ្ទៃ

គោលដៅ — អភិវឌ្ឍវិស័យកីឡាក្រប៣ខណ្ឌ រួមមាន មន្ត្រីនគរបាលជាតិ មន្ត្រីរាជការសីុវិល និងមន្ត្រីពន្ធនាគារ ដែលមានអគ្គស្នងការដ្ឋាន អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋាន និងថ្នាក់ប្រហារ្យាល័យ រដ្ឋបាលរាជធានីខេត្ត មន្ទីរ នាយកដ្ឋាន អង្គភាព និងស្នងការដ្ឋានរាជធានីខេត្តចូលរួម ដើម្បីទទួលបានឧត្តមភាព កិត្យានុភាព និងប្រសិទ្ធផលជូនជាតិមាតុភូមិ។

ទិសដៅសកម្មភាព រួមមាន៖ (១) ការអភិវឌ្ឍសមត្ថភាព និងគុណវុឌ្ឍិកីឡា — រៀបចំកម្មវិធីប្រកួតជ្រើសរើស ជ្រើសរើសកីឡាករកីឡាការិនីមានសក្តានុពល ស្វែងរកគ្រូបង្វឹកមានគុណភាព និងផ្តល់ហ្វឹកហ្វឺនកម្រិតអន្តរជាតិ (២) ការរៀបចំព្រឹត្តិការណ៍ប្រកួត — រៀបចំព្រឹត្តិការណ៍កីឡាតាមប្រភេទ និងតាមកម្រិត សហការជាមួយស្ថាប័នពាក់ព័ន្ធ និងផ្សព្វផ្សាយឱ្យមានការចូលរួម (៣) ការចូលរួមវិស័យកីឡាមហាជន និងសង្គម — រៀបចំកម្មវិធីអប់រំកីឡាសម្រាប់សាធារណជន កម្មវិធីប្រកួតកីឡាសប្បុរសធម៌ និងពង្រឹងទំនាក់ទំនងរវាងប្រជាជននិងនគរបាល។

យុទ្ធសាស្ត្រទី៥៖ ការពង្រឹងគុណភាព និងប្រសិទ្ធភាពវិស័យកីឡា

គោលដៅ — គុណភាព និងប្រសិទ្ធភាពជារបបចម្បង និងមានសារៈសំខាន់សម្រាប់វិស័យកីឡាក្រសួងមហាផ្ទៃ ដោយប្រសិទ្ធភាពវិស័យកីឡាត្រូវបានត្រួតពិនិត្យ វាយតម្លៃ និងតម្រង់ទិសជាប់ជាប្រចាំដោយផ្អែកលើសមត្ថភាពពិតប្រាកដ និងជំនាញបច្ចេកទេសច្បាស់លាស់។

ទិសដៅសកម្មភាព រួមមាន៖ (១) ការត្រួតពិនិត្យសារធាតុហាមឃាត់ — អប់រំពីហានិភ័យគ្រឿងញៀន ត្រួតពិនិត្យស្វែងរកសារធាតុហាមឃាត់ និងរៀបចំវិធានការទប់ស្កាត់ (២) សមត្ថភាព និងគុណភាពវិស័យកីឡា — វាយតម្លៃកម្រិតសមត្ថភាពអត្តពលិក ប្រៀបធៀបលទ្ធផលប្រកួតក្នុង និងក្រៅប្រទេស (៣) ប្រសិទ្ធភាពវិន័យ ច្បាប់ដែបង និងការតម្រង់ទិសកីឡា — ធានាការអនុវត្តច្បាប់ដែបង បទបញ្ជាផ្ទៃក្នុង និងវិន័យច្បាស់លាស់ (៤) ស្ថានភាពព្រឹត្តិការណ៍ប្រកួត និងសមិទ្ធផលកីឡា — ត្រួតពិនិត្យ វាយតម្លៃ និងរក្សាកំណត់ត្រាសមិទ្ធផល និងស្នាដៃថ្មីៗ។

VI. ធនធាន និងគម្រោងថវិកា

ដើម្បីធានាបានប្រសិទ្ធភាពការងារគាំទ្រវិស័យកីឡាក្រសួងមហាផ្ទៃ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃត្រូវអនុវត្តតាមអនុក្រឹត្យលេខ៥១ អនក្រ.បក ចុះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្តីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលចែងអំពីប្រភពធនធានសម្រាប់ដំណើរការការងារ ដូចខាងក្រោម៖

  1. ថវិកាជាតិដែលជាកញ្ចប់ថវិការបស់ក្រសួងមហាផ្ទៃប្រចាំឆ្នាំ
  2. អំណោយពីសប្បុរសជនជាតិ និងអន្តរជាតិចូលមកក្នុងមូលនិធិកីឡាក្រសួងមហាផ្ទៃ

អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃត្រូវរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបញ្ចូលទៅក្នុងគម្រោងថវិការបស់ក្រសួងមហាផ្ទៃ។ ក្នុងករណីចាំបាច់ អគ្គលេខាធិការដ្ឋានអាចស្នើសុំថវិកាបន្ថែមពីរាជរដ្ឋាភិបាល ដើម្បីអនុវត្តការងារឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។ ការទទួលអំណោយពីស្ថាប័ន អង្គភាព និងដៃគូអភិវឌ្ឍជាតិអន្តរជាតិនានា ត្រូវប្រកាន់ខ្ជាប់គោលការណ៍តម្លាភាព សុចរិតភាព ដោយមិនទទួលយកជំនួយ ឬអំណោយមិនត្រឹមត្រូវដែលនាំឱ្យខូច ឬខាតបង់ដល់ផលប្រយោជន៍សាធារណជន ឬអង្គភាពឡើយ។

VII. សេចក្តីសន្និដ្ឋាន

ការរៀបចំ និងការដាក់ចេញឱ្យអនុវត្តនូវផែនការយុទ្ធសាស្ត្រ៥ឆ្នាំ (២០២៦-២០៣០) មានចក្ខុវិស័យឆ្លុះបញ្ចាំងយ៉ាងច្បាស់លាស់ ក្នុងការប្តេជ្ញារួមគ្នាប្រកបដោយឆន្ទៈម្ចាស់មុខ ស្របតាមគោលនយោបាយបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ដើម្បីអភិវឌ្ឍវិស័យកីឡាក្រសួងមហាផ្ទៃ។ តាមរយៈផែនការយុទ្ធសាស្ត្រនេះបញ្ជាក់អំពីការចូលរួមបំពេញបេសកកម្មនិងការខិតខំប្រឹងប្រែង គាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះប្រកបដោយឧត្តមភាព និងប្រសិទ្ធភាព។

ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដើម្បីសម្រេចឱ្យបានជោគជ័យ និងផលផ្លែល្អប្រសើរនូវចក្ខុវិស័យ បេសកកម្ម និងគោលដៅយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ព្រមទាំងគ្រូបង្វឹក កីឡាករ កីឡាការិនី បាននិងកំពុងខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចក្នុងការជំរុញពង្រឹងគុណភាព និងប្រសិទ្ធភាពដើម្បីគ្រប់ប្រភេទ-គ្រប់កម្រិតកីឡាតាមរយៈការហ្វឹកហ្វឺន និងការប្រកួតប្រជែង នាំមកនូវកិត្យានុភាព ឧត្តមភាព និងប្រសិទ្ធផលជូនអង្គភាព ក្រសួងមហាផ្ទៃនិងសង្គមជាតិ ដើម្បីឈានឆ្ពោះទៅកីឡាអូឡាំពិក។